ដោយសារតែការស្រាវជ្រាវ នៅមានកម្រិត និងមិនទទួលបានព័ត៌មានទូលាយនៅក្នុងប្រទេសកម្ពុជា ក្រុមយើងខ្ញុំសូមលើកយកការបកស្រាយរបស់អ្នកស្រាវជ្រាវម្នាក់ ដែលបានបង្កើត Blog ដើម្បីសរសេររឿងរ៉ាវប្រវត្តិសាស្រ្តមួយចំនួន ដែលនាពេលនេះគឺនិយាយអំពី ផ្នែកមួយនៃរឿងក្រោយឆាកនៃកិច្ចចរចារសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលមានរឿងដូចខាងក្រោម ៖ ស្ទើរគ្រប់ពេលដែលកម្ពុជាមានបញ្ហានយោបាយក្នុងស្រុក គេតែងឮអ្នកនយោបាយទាំងលើឆាក ទាំងក្រៅឆាក និងអ្នកនយោបាយកណ្តុរកន្លាត អ្នកវិភាគឱយបក្សនយោបាយពាក់ផ្លាកឯករាជ្យ លើកយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ ឆ្នាំ១៩៩១មកនិយាយ។ ភាគីខ្លះអះអាងថាអ្នកនេះ ឬអ្នកនោះជាស្ថាបនិកកិច្ចព្រមព្រៀងនេះ ខ្លះទៀតបានបកស្រាយថាវាហួសសម័យ វាស្លាប់បាត់ទៅហើយ រីឯខ្លះទៀតក៏ថាវានៅតែនៅជាធរមានទេ ម្ចាស់ហត្ថលេខីទាំងឡាយនៅតែគិតគូរពីកម្ពុជាដដែលទេ។ ដើម្បីស្វែងយល់ពីរឿងនេះ យើងគួរដឹងថារឿងចាប់ផ្តើមពីចំណុចណាទៅ ហើយភាគីណាខ្លះដែលបានពាក់ព័ន្ធក្នុងរឿងនេះ។ សាកល្បងទៅមើលស្រុកខ្មែរពីសិង្ហបុរីមកវិញម្តង។ អត្ថបទនេះជាការដកស្រង់ផ្នែកមួយរបស់រឿងពីក្រោយឆាកដែលលោកលី ក្វាន់យូបានពិពណ៌នាតាំងពីចំនុចចាប់ផ្តើមដែលសិង្ហបុរីបានចូលពាក់ព័ន្ធរហូតបានសំរេចកិច្ចព្រមព្រៀង និងរឿងខ្លះៗក្រោយការបោះឆ្នោតនៅខែឧសភាឆ្នាំ១៩៩៣។ លោកលី ក្វាន់យូផ្តើមសរសេរពីកម្ពុជាថា៖ «ប្រទេសកម្ពុជាប្រៀបបាននឹងចានប៉សឺឡែនមួយដែល គេបោកកំទេចឱយបែកខ្ចាយជាអំបែងច្រើនបំណែក។ ដើម្បីផ្គុំអំបែងប៉សឺឡែនទាំងនោះឡើងវិញ យើងចាំបាច់ត្រូវធ្វើដោយសន្សឹមៗ ហើយវាជាកិច្ចការដែលត្រូវអត់ធ្មត់ និងព្យាយាមខ្លាំង (Laborious tasks)។ ដោយសារវាដូចអំបែងប៉សឺឡែនដែលយកមកផ្គុំឡើងវិញ ការរួបរួមរបស់កម្ពុជាមិនអាចរង ឬទប់ទល់នឹងសំពាធខ្លាំងបានទេ។ ប្រជាជនកម្ពុជាគឺជាអ្នកចាញ់។ ប្រវត្តិសាស្ត្រឃោរឃៅណាស់ចំពោះប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជាដែលបានស៊ាំនឹងស្ថានភាពដែលគ្មានច្បាប់ទំលាប់ ឬឥតសណ្តាប់ធ្នាប់(Lawless condition) ជាយូរណាស់មកហើយ ដូច្នេះពួកគេលែងគោរព លែងខ្លាចច្បាប់ហើយ។