Day: May 7, 2019

សមាជិកអ្នកគាំទ្របក្សជួង នៅកាណាដាប្រមូលលុយ ៤០០០ ដុល្លារប្រគល់ ស្នាក់ការកណ្ដាលបក្សទៀតហើយ

ចំនួនទឹកប្រាក់ ៤០០០ដុល្លារសហរដ្ឋអាមេរិក ត្រូវបានសរសេរវិកយប័ត្រយ៉ាងត្រឹមត្រូវ ដោយបានបង្ហោះនៅលើបណ្ដាញសង្គម ដែលនេះជាថវិការដែលបានប្រមូលពីសមាជិកអ្នកគាំទ្រ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រចាំប្រទេសកាណាដា ដែលហៅខ្លីៗជាភាសាខ្មែរថា បក្សជួង ឬ អិលឌីភី (LDP) ។ សកម្មភាពប្រមូលថវិការទ្រទ្រង់បក្សត្រូវបានបន្ដធ្វើជារៀងរាល់ពេល ពីបណ្ដាប្រទេសមួយចំនួន ដែលមានដូចជាប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសជប៉ុន ដែលប្រទេសទាំងនេះភាគច្រើនគឺពលករដែលចំណាកស្រុកពីប្រទេសកម្ពុជា បានចូលរួមចំណែកបន្ដិចបន្ដួចដើម្បីទ្រទ្រង់បក្ស ក៏ដូចជាត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ផ្សេងៗខាងមុខដែលចាំបាច់ ។ មានប្រទេសមួយចំនួនទៀតនៅបណ្ដាទ្វីបអាមេរិក ដូចជាប្រទេសកាណាដា និងសហរដ្ឋអាមេរិក ហើយក៏មាននៅខាងប្រទេសអូស្រ្ដាលី ជាដើម ពួកគេក៏តែងតែប្រមូលថវិការផងដែរ ដើម្បីជួយទ្រទ្រង់បក្សពិសេសពេលមានព្រឹត្តិការណ៍ត្រូវចំណាយលុយធំៗ ដល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលការចំណាយទាំងនេះ គណបក្សបានបញ្ជាក់ថាជាទឹកចិត្តនៃការលះបង់ផលប្រយោជន៍ខ្លួនបន្ដិចបន្ដួច ដើម្បីកសាងមាតុភូមិរបស់ពួកគេ ។ គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់ថា LDP មានប្រមុខគណបក្សឈ្មោះលោក ខឹម វាសនា ដែលអតីតតំណាងរាស្រ្តមកពីគណបក្សសម រង្ស៊ី ដែលបានចេញពន្យល់ប្រជាពលរដ្ឋខ្មែរ ដោយធ្វើការជួលចាក់ផ្សាយតាមវិទ្យុតាមបណ្ដាខេត្តធំៗដូចជាបាត់ដំបង សៀមរាប ភ្នំពេញ ព្រៃវែង ។ល។ អស់រយៈពេលជាង ១៣ឆ្នាំមកហើយ ។ ប៉ុន្តែមួយរយៈនេះលោកបានកាត់បន្ថយការបើកវេទិការសាធារណៈ ដោយងាកទៅនិយាយជាភាសាអង់គ្លេសទៅកាន់ពិភពលោកទៅវិញ ដោយក្រុមការងាររបស់លោកបានធ្វើការបង្ហោះវីដេអូសន្ទនាជាភាសាអង់គ្លេសជាមួយសហការីរបស់លោក និយាយពីមេរៀនជីវិត ក៏ដូចជាព្រះធម៌ទៅវិញ

សូមប្រយ័ត្ន! ស្រ្ដីម្នាក់បាត់លុយអស់ ៥០០ដុល្លារ នៅព្រលានយន្ដហោះសៀមរាប-ភ្នំពេញ

ស្រ្តីខ្មែរម្នាក់ទំនងជាមានស្វាមីជនជាតិកូរ៉េ បានធ្វើការបង្ហោះសារមួយដោយក្ដៅចិត្តនឹងព្រលានយន្ដហោះអន្តរជាតិសៀមរាប-ភ្នំពេញ ដែលហ៊ានលួចឆែកឆេរក្នុងកាបូបរស់គាត់ និងយកប្រាក់ប្រាំរយដុល្លារសហរដ្ឋអាមេរិក ដើម្បីខណៈគាត់មកដល់ផ្ទះបើកកាបូបក៏ជួបហេតុការណ៍បាត់នេះតែម្ដង ដោយបានថតរូបបង្ហោះ៣សន្លឹកពីការបាត់បង់នេះ ។ បើតាមប្រភព Facebook, ម្ចាស់គណនីបណ្ដាញសង្គមមួយរូបឈ្មោះថា Sreyrath Pen បានធ្វើការបង្ហោះសារនិងរូបភាពដែលបញ្ជាក់ថា រូបគាត់បានបាត់ទឹកប្រាក់ ៥០០ដុល្លារ នៅពេលដែលឆ្លងកាត់ព្រលានយន្ដហោះសៀមរាប នៅពេលដែលគាត់ទៅដល់កន្លែងសម្រាករបស់គាត់ ។ ក្រោយពីបានឆែកកាបូបរួច ម្ចាស់គណនីខាងលើបានធ្វើការថតរូប និងបង្ហោះនៅលើបណ្ដាញសង្គម ដើម្បីជាការដាស់តឿនដល់អ្នកឯទៀតឲ្យមានការប្រុងប្រយ័ត្ន ហើយគាត់ក៏បានធ្វើការសន្និដ្ឋានថា ការបាត់នេះគឺដោយសារបុគ្គលិករៀបចំឥវ៉ាន់នៅក្នុងព្រលានយន្ដហោះសៀមរាប-ភ្នំពេញតែម្ដង ដែលបើតាមរូបភាពគឺពិតជាមានការគាស់កកាយពិតមែន ។ នេះមិនមែនជាលើកទីមួយនោះទេ ដែលមានករណីបាត់របស់ទ្រព្យ និងប្រាក់កាសនៅព្រលានយន្ដហោះដដែលនេះ ដែលមនុស្សភាគច្រើនបានរិះគន់ទៅលើចរិតខ្មែរដែលធ្វើការនៅទីនោះ និងប្រាប់ឲ្យមានការប្រុងប្រយ័ត្នផងដែរ នៅពេលដាក់ឥវ៉ាន់ ដោយរបស់មានតម្លៃគួរតែយកតាមខ្លួន ជាជាងដាក់ក្នុងវ៉ាលី នៅកន្លែង Check-In ៕ សូមបញ្ជាក់ថា សំបុត្រធ្វើដំណើររបស់ពួកគេគឺ សៀមរាប-ភ្នំពេញលេខ 43B និង 43C ៕ ប្រភព ៖ Facebook