Day: February 26, 2019

តារាចម្រៀងខ្មែរ ទៅសម្តែងនៅកូរ៉េ រាំច្រៀងតាមបែបកូរ៉េ ឲ្យអ្នកកូរ៉េទស្សនា (វីដេអូ)

តារាចម្រៀងខ្មែរ 4Nix បានទៅដល់ប្រទេសកូរ៉េ និងសម្ដែងលក្ខណៈរាំច្រៀងបែបកូរ៉េ ដល់អ្នកទស្សនានៅប្រទេសកូរ៉េ ដែលបង្ហោះចែកចាយនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ បង្កឲ្យមានការរិះគន់ជាខ្លាំងដល់អ្នកលេងបណ្ដាញសង្គមពិសេសនៅខ្មែរ ។ បើតាម Page ខ្មែរមួយជីវិត បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ក្រុមតារាចម្រៀងដែលមានឈ្មោះថា 4Nix បាននាំយកចម្រៀងខ្មែរកន្ត្រាក់អារម្មណ៍ រាំច្រៀង និងស្លៀកពាក់តាមបែបកូរ៉េ បង្ហាញសាច់ភ្លៅសខ្ចី នូវបទកន្ត្រាក់អារម្មណ៍នៅលើឆាក ក្រោមការហ៊ោកញ្ចៀវពីអ្នកទស្សនា ។ បើតាមមតិរិះគន់មួយចំនួននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា ពួកគេមិនពេញចិត្តឡើយខណៈជាតារាចម្រៀងខ្មែរ គួរណាស់តែយកសិល្បៈខ្មែរ ដែលជាសិល្បៈល្អរបស់ខ្លួន ទៅផ្សព្វផ្សាយឯបរទេស ជាជាងធ្វើតម្រាប់តាមបរទេស ហើយសម្ដែងឲ្យគេមើលដដែលៗ ។ មតិផ្សេងទៀតក៏បានរិះគន់ផងដែរថា ការធ្វើបែបនេះជាទង្វើឥតអៀនខ្មាសទៅវិញ ដោយសារតែការរាំច្រៀងបែបនេះ ជាការចម្លងកូរ៉េរួចស្រេចទៅហើយ ហើយការសម្ដែងបែបនេះ នៅកូរ៉េមានច្រើនណាស់ទៅហើយ ហេតុអ្វីបានជាយកលំនាំកូរ៉េ ទៅធ្វើឲ្យកូរ៉េមើលទៅវិញ?

ប្រជាពលរដ្ឋខ្មែរ បែងចែកមិនដាច់រវាងព្រះសង្ឃ និងចោរក្នុងសាសនា ព្រោះ «ស្បង់ចីពរ»

ជាការពិតណាស់ ប្រជាពលរដ្ឋខ្មែរមិនអាចបែងចែកឲ្យដាច់រវាងចោរក្នុងសាសនា និងព្រះសង្ឃបានទេ ព្រោះរាល់ពេលដែលពួកគេឃើញស្បង់ចីពរនៅលើខ្លួននណាម្នាក់ និងកោរសក់ក្បាលអារម្មណ៍ដិតដាមថាជាសាវ័ករបស់ព្រះពុទ្ធកើតឡើងភ្លាម ដែលនេះហើយជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋខ្មែរតែងតែចាញ់បោកជនខិលខូចបន្លំខ្លួនធ្វើជាសង្ឃដើម្បីស្វែងរកលាភសក្ការៈ ។ រាល់ពេលឲ្យតែមានការលើកឡើងអំពីអំពើខិលខូចរបស់សង្ឃមួយចំនួនក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធ មតិ២ បានកើតឡើងភ្លាមៗគឺមតិស្រប និងមតិផ្ទុយ ដែលនាំឲ្យប្រជាពលរដ្ឋខ្មែរមានការខ្វែងគំនិតគ្នាឈានដល់ការបង្កើតពាក្យពេជន៍មិនសមរម្យដាក់គ្នា ។ ដោយឡែកចំពោះមតិស្របថា សង្ឃខិលខូចគួរតែត្រូវបានផ្សឹក និងចាត់ចែងទៅតាមច្បាប់នៃក្រសួងធម្មការដែលបានចែង បើទោះបីជាសង្ឃនោះ បានធ្វើអំពើល្អមួយចំនួនក្ដី បើសិនណាជាសង្ឃនោះបានប្រព្រឹត្តិខុសវិន័យសង្ឃ និងអាចឈានដល់ការដាក់ទោសទណ្ឌក្រោយពេលលាចាកសិក្ខាបទថែមទៀត ពាក់ព័ន្ធនឹងរឿងដូចជាគ្រឿងញៀន រួមសេពសន្ថវៈជាមួយស្រី បិណ្ឌបាត្រសន្សំថវិកា ដើម្បីទិញលាភសក្ការៈជាដើម សុទ្ធតែចាត់ចូលជាការប្រមាថដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដោយបើកចំហរ ។ មតិស្របក្នុងរឿងនេះបានចេញបកស្រាយ និងវែកញែក ព្រមទាំងបង្ហាញភស្ដុតាងជាក់ស្ដែង ដើម្បីឲ្យមហាជនពិចារណា និងចាត់ការធ្វើពិធីសាសនាតាមការគួរ ហើយពួកគេយល់ថាគួរតែបើកចំហ ជាសាធារណៈដើម្បីឲ្យមានភាពផូរផង់ ក្នុងសាសនាបន្ថែមទៀត ។ យ៉ាងណាមិញ មតិផ្ទុយឯណោះវិញ បានយល់ឃើញថា មិនគួរធ្វើការបង្ហោះចែកចាយនៅលើបណ្ដាញសង្គមឡើយ មូលហេតុវាប៉ះពាល់ដល់ស្ថាប័នសង្ឃ និងសាសនាដ៏ផូរផង់របស់ខ្លួន ភាគច្រើនពួកគេយល់ឃើញថា រឿងសង្ឃគួរតែមន្រ្តីសង្ឃ និងក្រសួងធម្មការ និងសាសនា ចាត់ចែង មិនគួរបង្ហោះនាំខូចដល់សាសនានោះឡើយ ។ ករណីលើកលែងមួយចំនួនរបស់សង្ឃខ្មែរ ភាគច្រើនបួសនាពេលបច្ចុប្បន្នមិនមែនមានន័យថាបួសដើម្បីស្វែងរកធម៌ ឬយកព្រះធម៌ទៅទេសនាអប់រំទូន្មាន និងគោរពវិន័យតឹងរ៉ឹងដើម្បីឲ្យសាសនារីកចម្រើនអ្វីនោះឡើយ គឺភាគច្រើនអ្នកបួសគឺមកពីជីវភាពមិនអាចទប់ទល់នឹងការចំណាយដូចជាការរៀនសូត្រជាដើម