ប្រជាពលរដ្ឋខ្មែរពូកែត្អូញត្អែរ ត្រូវគ្នានឹងអាជ្ញាធរគ្រប់គ្រងតំបន់មិនខ្វល់ពីសុខទុក្ខរាស្រ្ត

មិនថារឿងតូច រឿងធំនៅក្នុងសង្គមខ្មែរ ឲ្យតែមានបញ្ហាគឺប្រជាពលរដ្ឋតែងត្អូញត្អែពីការលំបាករបស់ខ្លួន ពាក់ព័ន្ធទៅនឹងការរស់នៅ ការធ្វើដំណើរ ក៏ដូចជាការរងនូវអំពើអយុត្តិធម៌ផ្សេងៗ ដែលបញ្ហានេះត្រូវបានរដ្ឋាភិបាល ឬអាជ្ញាធរនៅតាមតំបន់រៀងៗខ្លួន ក៏តបទៅវិញថាប្រជាពលរដ្ឋខ្មែរពូកែរិះគន់ តែមិនចូលរួមជួយធ្វើអាជ្ញាធរ ឬសហការទេ គិតតែប្រយោជន៍ខ្លួនឯង ។

ប៉ុន្តែបើវិភាគឲ្យស៊ីជម្រៅបន្ដិច ការមិនខ្វល់ពីសុខទុក្ខរាស្រ្តរបស់អាជ្ញាធរ ដែលចាត់តាំងមកគ្រប់គ្រងរាស្រ្តនៅតាមតំបន់ តាមបញ្ជារថ្នាក់លើ ក៏ជាប្រការមួយផងដែរ ព្រោះបុគ្គលខ្លះពុំចេះអក្សរផង សរសេរអក្សរមិនត្រង់ជួរផង ក៏មាន ។ ពួកគេខ្លះ ចេះតែផឹកស៊ី ច្រៀងខារ៉ាអូខេ និងលួចមានស្រីញី ប្រពន្ធដើមប្រពន្ធចុង តាមលំដាប់ថ្នាក់ និងព្យាយាមកៀបសង្កត់មនុស្សទន់ខ្សោយ ដើម្បីប្រយោជន៍ខ្លួន ព្រោះតែខ្លួនបានឡើងតំណែង តួនាទីនេះ ក៏ចំណាយអស់មិនតិចដែរ ។

ហេតុដូចនេះហើយ រឿងណាដែលមិនចំណេញពួកគេនឹងមិនធ្វើឡើយ ប៉ុន្តែបើសិនជារឿងណាមួយពួកគេធ្វើទៅ វាបានល្បី ឬបានលេចលឺដល់ថ្នាក់លើ ពិសេសសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តី ឬសម្ដេច ស ខេង ជាដើម ពួកគេនឹងដុតដៃដុតជើងធ្វើជាក់ជាមិនខាន ប៉ុន្តែពួកគេធ្វើនោះ គឺលក្ខណៈធ្វើឲ្យរួចតែពីដៃ ដោយមិនខ្វល់ពីរយៈពេលនៃការប្រើប្រាស់លើរឿងនោះថាបានយូរប៉ុណ្ណាទេ ។

រូបភាពពី Facebook ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ!

ជាក់ស្ដែងឧទាហរណ៍រឿងផ្លូវនៅក្នុងក្រុងព្រះសីហនុ កំពត រតនគិរី សៀមរាប និងបណ្ដាខេត្តមួយចំនួនជាដើម ខែយើងក្រឡេកមើលឃើញថា ភ្លៀងធ្លាក់ជាច្រើន និងជោគជាំ ដែលបណ្ដាលឲ្យផ្លូវមួយចំនួនត្រូវបានខូចខាត និងក្រហេងក្រហូងលំបាកក្នុងការធ្វើដំណើរ ។ បញ្ហានេះមានរឿងហេតុ ២ ត្រូវបានលើកឡើង គឺមជ្ឈដ្ឋានរិះគន់ ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ (ប្រជាពលរដ្ឋ) និងមជ្ឈដ្ឋានអាជ្ញាធរ ដែលសម្ងំស្ងៀម តែលួចមើលងាយប្រជាពលរដ្ឋដែលរិះគន់នោះ ថាខែភ្លៀងធ្វើអីកើត ទាល់តែរាំងភ្លៀងទើបគេចាប់ផ្ដើមជួសជុល ។

រូបភាពពី Facebook ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ!

ប៉ុន្តែបើយើងក្រឡេកមើលការរិះគន់ គឺពិតជាត្រឹមត្រូវមួយផ្នែកធំ ដោយសារតែប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសរើស និងទុកចិត្តរដ្ឋាភិបាលឲ្យធ្វើការងារនោះឲ្យពួកគេ ធ្វើដោយប្រជាពលរដ្ឋបានបង់ពន្ធរាល់ឆ្នាំ ដើម្បីឲ្យមានការបម្រើសេវាកម្មសាធារណៈ ប៉ុន្តែបែរជាពុំមានការខ្វល់ខ្វាយ និងបណ្ដោយឲ្យផ្លូវមានការលំបាក និងមានជង្ហុកជ្រៅៗ ដែលពិបាកក្នុងការធ្វើដំណើរជាខ្លាំង ។ សំណួរសួរថា តើប្រជាពលរដ្ឋគួរតែបន្ដគាំទ្រអ្នកគ្រប់គ្រងបែបនេះទៀតឬយ៉ាងណា? តើប្រជាពលរដ្ឋគួរតែគួរពុំមានអ្នកគ្រប់គ្រងបានឬទេ?​បើធ្វើដូចអត់ធ្វើរបៀបនេះ?

រូបភាពពី Facebook ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ!

បញ្ហាគឺនៅចំពោះមុខ ទោះចង់មិនចង់ក៏អាជ្ញាធរគួរចេញសកម្មភាពជួសជុលផ្លូវ ដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនចំពោះបញ្ហាដែលកំពុងកើតមាន ព្រោះបើមិនដូច្នោះទេ រឿងនឹងក្លាយកាន់តែធំ ហើយចំណាយកាន់តែច្រើនឡើងៗ ។

ដំណោះស្រាយសម្រាប់បញ្ហាខាងលើ ប្រជាពលរដ្ឋខ្មែរត្រូវតែតាមដាននយោបាយ និងសង្គមខ្លួនកំពុងរស់នៅជារៀងរាល់ថ្ងៃ និងសម្រេចចិត្តទៅលើអ្នកគ្រប់គ្រងរបស់ពួកគេ ហើយសំណួរសួរថា បើអ្នកគ្រប់គ្រងមិនខ្វល់ខ្វាយពីសុខទុក្ខរបស់យើងបែបនេះ យើងគួរបន្ដទុកឲ្យកូនចៅជំនាន់ក្រោយរបស់យើងរស់នៅក្រោមការគ្រប់គ្រងរបស់មនុស្សបែបនេះឬទេ?

About ខ្មែរ អ្នកអាន 18 Articles
"ខ្មែរអ្នកអាន" គឺជាសារព័ត៌មានឯករាជ្យមួយ ដែលបង្កើតឡើងដើម្បីប្រមូលព័ត៌មានដែលចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាខេមរៈភាសា ។ យើងក៏បានបង្កើតសារព័ត៌មាននេះជាភាសាអង់គ្លេសផងដែរ ដែលបរទេសអាចស្វែងយល់បាន Khmer Readers - English ដែលពួកគេអាចស្វែងយល់ផងដែរ ។