បទវិភាគ ៖ ខ្មែរគឺជាពូជស្រឡាញ់មុខមាត់ក្នុងតំបន់ រីឯកម្ពុជាជាប្រទេសក្រីក្រទី២ ក្នុងតំបន់ផងដែរ

បើយើងក្រឡេកមើលការផ្ទុះការរិះគន់ទៅលើយុវជនម្នាក់ឈ្មោះថា Bun Houen Sanh នៅលើបណ្ដាញសង្គម សបញ្ជាក់ឲ្យឃើញថា ខ្មែរជាមនុស្សដែលស្រឡាញ់មុខមាត់ ហើយមើលទៅមានលក្ខណៈជាតិនិយមជ្រុលហួសប្រមាណ ដែលបណ្ដាលឲ្យកើតមានជម្លោះមិនចេះចប់ ថ្វីត្បិតតែជនជាតិខ្មែរមួយនេះ រស់នៅក្នុងប្រទេសក្រីក្រីទី២ ក្នុងអាស៊ីអាគ្នេយ៍ក្ដី ។

ជាការពិតណាស់ ប្រទេសកម្ពុជាជាប្រទេសក្រីក្រទី២ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា ឬភូមា ដែលរងទុក្ខបុកម្នេញដោយរដ្ឋាភិបាលយោធា ។ ងាកទៅកាន់ការប្រមាថរិះគន់ទៅលើជាតិសាសន៍ខ្មែរ ជនជាតិមួយនេះ បានធ្វើការការពារ នឹងខឹងសម្បារជាខ្លាំងទៅលើជនជាតិខ្លួនណាមួយ ដែលហ៊ានចេញមុខរិះគន់ខ្មែរ មិនថាក្នុងន័យស្ថាបនា ឬបន្ទុចបង្អាក់ក្ដី សុទ្ធសឹងតែជាការបង្កកំហឹងដល់ជនជាតិមួយនេះទាំងអស់ ។

ជាក់ស្ដែងក្នុងព្រឹត្តិការណ៍ថ្មីៗនេះ ដែលត្រូវបានគេចោទយុវជនម្នាក់ឈ្មោះថា Bun Hoeun Sanh នៅលើបណ្ដាញសង្គម Facebook ដែលបានថតវីដេអូសកម្មភាពក្រុមតារាចម្រៀងខ្មែរ នៅក្នុងទឹកដីម៉ាឡេស៊ី នៅឯព្រលានយន្ដហោះអន្តរជាតិកូឡាឡាំពួរ ដែលជាព្រលានយន្ដហោះអន្តរជាតិមួយ ដែលមនុស្សច្រើនចម្រុះជាតិសាសន៍ធ្វើដំណើរទៅមក និងឆ្លងកាត់ ។

ក្រោយពីបានមើលវីដេអូនោះភ្លាម មនុស្សជាច្រើនមិនពេញចិត្តនឹងសកម្មភាពដែលតារាចម្រៀងនោះ ធ្វើនៅព្រលានយន្ដហោះអន្តរជាតិនោះទេ ប៉ុន្តែហេតុអ្វីពួកគេមិនព្រមរិះគន់ឲ្យតារានោះកែប្រែចំណុចអវិជ្ជមាននោះ បែរជាបង្កើតរឿងទៅជាការមើលងាយ ឬប្រមាថ ខ្មែរទៅលើក្រុមយុវជនមួយក្រុមដែលកំពុងធ្វើដំណើរស្របគ្នា?

បើយើងសន្និដ្ឋានជាសាធារណៈមតិ ទង្វើដែលចាត់ទុកជាការមើលងាយ ប្រមាថខ្មែរមិនមែនជាសម្ដីទាំងស្រុងនោះទេ តែជាសកម្មភាពដែលមិនបានផ្ដល់តម្លៃដល់ជាតិសាសន៍ខ្មែរទៅវិញ គឹការចាក់បាសនិងរាំនៅទីសាធារណៈ ដែលនៅប្រទេសកម្ពុជាភាគច្រើនយើងតែងឃើញក្មេងៗយុវជនឈាមរាវ ពួកគេធ្វើដោយឥតអៀនខ្មាសនៅលើដងផ្លូវ និងកន្លែងផ្សេងៗទៀតដោយបើកចំហរ ។

តែយ៉ាងណាមិញ ប្រជាពលរដ្ឋខ្មែរជាច្រើនយល់ថា ពាក្យប្រមាថខ្មែរ ដែលចេញពីមាត់យុវជនមួយក្រុមនោះ គឺចាត់ទុក្ខថាបានការ ហើយចង់ឲ្យមានការដាក់ពិន័យទៅលើជនដែលនិយាយពាក្យនោះដូចទៅនឹងចំប៉ីខ្មៅ ដែលបានជាប់ឃុំរឿងប្រមាថខ្មែរ ប៉ុន្តែរឿងរ៉ាវហេតុនេះ គឺកើតឡើងក្រៅទឹកដីខ្មែរ គឺនៅព្រលានយន្ដហោះកូឡាឡាំពួរ ហួសដែនសមត្ថកិច្ចកម្ពុជាអ្នកធ្វើ ហើយម្ចាស់សាមីខ្លួនដែលបាននិយាយថា ខ្មែរមានហ្សែនថោក ពូជខ្មែរយើងគឺបែបនេះ ឬបែបនោះ ក៏បានបកស្រាយក្នុង ឃ្លីបវីដេអូខាងក្រោមផងដែរ ដែលមានមនុស្សជាច្រើនបានធ្វើការ Comment ជេរតិះដៀលទៅកាន់បុគ្គលនោះ ក្នុងនាមជាខ្មែរ ។

ប៉ុន្តែ បើខ្មែរសំដៅទៅលើអ្វី? លោក ខឹម វាសនា ក៏បានបកស្រាយផងដែរ ពីការយល់ឃើញរបស់លោក ជុំវិញបញ្ហាដែលសមាជិកអ្នកគាំទ្ររបស់ LDP ដែលមានលោកជាប្រមុខ ទៅលើពាក្យថាខ្មែរ ផងដែរ ។ ខណៈដែលលោកចេញបកស្រាយនៅលើគណនីបណ្ដាញសង្គមរបស់លោក មានមតិមួយចំនួនបានយល់ថាជាការការពារទៅលើបុគ្គលសាញ់ ប៊ុនហៀន ទៅវិញ ។

លោក ខឹម វាសនា, ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានធ្វើការបង្ហោះមតិ និងការយល់ឃើញរបស់លោក នៅលើបណ្ដាញសង្គម Facebook ទាក់ទងនឹងរឿងក្រុមសិល្បៈខ្មែរដែលចេញទៅសម្ដែងនៅកូរ៉េ ដែលបានរាំនៅទីសាធារណៈ និងរឿងយុវជនមួយក្រុមដែលបានប្រមាថខ្មែរ ដែលមានអត្ថន័យដូចតទៅនេះ ៖

ទីមួយ គេចោទថាដៀលខ្មែរទាំងអស់។ ពាក្យថាខ្មែរគឺសំដៅខ្មែរលើសពី៥០%ឡើងទៅ ឬខ្មែរទូទៅ តែមិនមែនខ្មែរទាំងអស់ទេ។ បញ្ហាខ្លាំងណាស់ដែលមនុស្សមិនយល់ន័យពិតនៃការប្រើភាសាខ្មែរ ហើយតាំងខ្លួនជាអ្នកការពារខែ្មរដោយយកមុខ និងដើម្បីលាងគំនុំនឹងក្រុមណាមួយ ដោយមួលចេតនារបស់អ្នកស្មោះត្រង់ដែលប្រើពាក្យខ្មែរនេះ។ ការទទួលយកការពិតដែលជាចំនុចមិនល្អ មិនត្រឹមត្រូវរបស់ខ្លួន ជាចំនុចចាប់ផ្តើមនៃការអភិវឌ្ឍន៍ទៅរកភាពប្រសើរ។

ទីពីរ បើមិនពេញចិត្តអ្នករាំនៅព្រលានយន្តហោះ ម្តេចមិនដៀលតែអ្នករាំនៅព្រលានយន្តហោះហ្នុងទៅ ម្តេចមកដៀលខ្មែរទាំងអស់ធ្វើអី? ចិត្តអ្នកដៀលមិនមែនចង់ដៀលតែខ្មែរដែលរាំនៅតាមព្រលានយន្តហោះនោះទេ ហើយក៏មិនមែនដៀលខ្មែរទាំងអស់នោះដែរ គឺចិត្តគេចង់ដៀលខ្មែរទូទៅ លើសពី៥០%ឡើងទៅដែលមានចរិត មិនថ្លៃថ្នូរបែបហ្នឹង។

ទីបី គេចោទថា អ្នកថតហ្នឹង លួចថតគេក្នុងទីសាធារណ:ដោយមិនបានសុំការអនុញ្ញាត ហើយចោទថាជារឿងខុសច្បាប់។ សួរថាតើអ្នកចោទគេថាខុសច្បាប់ហ្នឹង តើអ្នកមានបានដឹងពីច្បាប់នៅម៉ាលេស៊ីស្តីពីការថតរូបរបស់គេក្នុងទីសាធារណ:អត់?តើថតរូបមនុស្សប្រព្រឹត្តខុសឆ្គងនៅទីសាធារណៈជារឿងខុសច្បាប់ឬ?

ហើយរឿងកើតនៅម៉ាលេស៊ី បើចង់ប្តឹង ត្រូវប្តឹងនៅម៉ាលេស៊ី។ ឥលូវ កុំទាន់និយាយដល់រឿងខុសច្បាប់ ឬអត់ ក្នុងមនសិការជាមនុស្ស បើអ្នកបានឃើញទង្វើណាមួយខុសឆ្គង មិនសមរម្យ មិនត្រឹមត្រូវ ហើយអ្នកថតទុក ឬក៏ផុសអោយគេដឹង សួរថាតើវាត្រឹមត្រូវដែរឬទេ? ហើយបើអ្នកចាំសុំការអនុញ្ញាតថត ពីមនុស្សដែលកំពុងរឿងធ្វើខុសនោះ តើមានវីឌេអូពីមនុស្សខូច មនុស្សអាក្រក់ឯណា អោយបងប្អូនបានឃើញតាមប្រព័ន្ធផ្សព្វផ្សាយដូចសព្វថ្ងៃនេះ??

សំណេរលោក ខឹម វាសនា កន្លងទៅ
About ខ្មែរ អ្នកអាន 18 Articles
"ខ្មែរអ្នកអាន" គឺជាសារព័ត៌មានឯករាជ្យមួយ ដែលបង្កើតឡើងដើម្បីប្រមូលព័ត៌មានដែលចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាខេមរៈភាសា ។ យើងក៏បានបង្កើតសារព័ត៌មាននេះជាភាសាអង់គ្លេសផងដែរ ដែលបរទេសអាចស្វែងយល់បាន Khmer Readers - English ដែលពួកគេអាចស្វែងយល់ផងដែរ ។