ស្ត្រីក្នុងរូបថតបីកូន រត់ភៀសខ្លួនក្រោយរបប ប៉ុល ពត ដែលល្បីពាសពេញពិភពលោក ទទួលមរណភាព

រូបថតស្ត្រីបីកូនក្នុងទសវត្សរ៍ ឆ្នាំ១៩៧៩ ក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ បីកូនក្នុងដៃ ឈរអមដោយកូនប្រុសស្រីនៅសង្ខាង ក្នុងទឹកមុខស្លេកស្លាំងស្គមស្គាំងគួរឲ្យសង្វេគ។ រូបថតនេះ ធ្វើឲ្យពិភពលោកចាប់អារម្មណ៍ និងស្គាល់រូបគាត់ ជាពិសេសបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ និងចង់ដឹងអំពីរឿងរ៉ាវរបស់គាត់ ។

ស្ត្រីរូបនេះ មានឈ្មោះ តោង អូន (ថោង អូន) បានទទួលមរណភាព ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅពែរីញើ ប្រទេសបារាំង។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណ ព្រះនាម Choothmuny Huy បង្ហោះកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ ។

បើតាមព្រះតេជគុណ Choothmuny Huy លោកស្រី តោង អូន (ថោង អូន) កើតក្នុងឆ្នាំ១៩៣២ (01/07/1932) នៅរាជធានីភ្នំពេញ ហើយលោកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ថោង សំ មានកូនចំនួន៦នាក់ ប្រុស៤ ស្រី២នាក់ (ស្លាប់ម្នាក់) ។

ក្នុងរបបគុកឥតជញ្ជាំងប្រល័យពូជសាសន៍ ប៉ុល ពត លោកស្រីបានទទួលរងទុក្ខវេទនា ដូចជាប្រជាពលរដ្ឋខ្មែរទូទៅក្នុងសម័យនោះដែរ។ លុះដល់បំណាច់ឆ្នាំ១៩៧៩ លោកស្រីបានភៀសខ្លួនជាមួយស្វាមី និងកូនៗ៥នាក់ទៀត ទៅរស់នៅប្រទេសទីបី (បារាំង) ដូចមាននៅក្នុងរូបថតស្រាប់ (ស្លាប់ម្នាក់ នៅក្នុងជំរុំប្រទេសថៃ ក្នុងសម័យនោះ កូនស្រី) ។

មរណភាពរបស់ស្ត្រីរូបនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាទូទៅ មិនថា អ្នកធ្លាប់បានឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ឬអ្នកមិនធ្លាប់ភ្លក់រសជាតិជីវិតក្នុងរបបនេះក្ដី ហើយជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា ដោយសម្ដែងការសោកស្ដាយ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធនៃសពបានទៅសោយសុខនៅទីឋានបរមសុខទីឋានសុគតិភព​ ។

ចំពោះកូនៗរបស់លោកស្រី គឺក្មេងប្រុសដែលពបីក្នុងដៃ មានឈ្មោះ តោង សំណាង បច្ចុប្បន្នអាយុ៣៩ឆ្នាំ (រស់នៅប្រទេសបារាំង), ក្មេងស្រីដែលឈរនៅខាងឆ្វេងដៃ ឈ្មោះ តោង សុភាព មានអាយុ៤២ឆ្នាំ (រស់នៅប្រទេសបារាំង) និងក្មេងប្រុសឈរនៅខាងស្ដាំដៃ ឈ្មោះ តោង សារឿន មានអាយុ៤៧ឆ្នាំ (រស់នៅប្រទេសបារាំង)។ ដោយឡែក ស្វាមីរបស់លោកស្រី និងកូនឈរនៅក្បែរនោះដែរ ៕

ប្រភព ៖​ Campost